ការច្រាលឡើងនូវជាតិអាស៊ីត

មូលហេតុ

អាស៊ីតខ្លាំងស្ថិតនៅក្នុងក្រពះដែលជួយនៅក្នុងការបំបែកចំណីអាហារ។ ក្រពះត្រូវបានបែងចែកដាច់ពីបំពង់អាហារ (esophagus) ដោយសារកងសាច់ដុំមួយ (sphincter)។ ចំពោះបុគ្គលដែលមានសុខភាពល្អកងសាច់ដុំនេះគឺត្រូវបានបិទលើកលែងនៅពេលដែលអាហារធ្វើដំណើរឆ្លងកាត់វា។ ការច្រាលឡើងនូវជាតិអាស៊ីត (acid reflux) កើតមាននៅពេលដែលកងសាច់ដុំ (sphincter) បើកចំហខុសធម្មតាដែលអនុញ្ញាតអោយអាស៊ីតនៅក្នុងក្រពះធ្វើដំណើរឡើងចូលទៅបំពង់អាហារ។

យូរៗម្តងការច្រាសឡើងនូវជាតិអាស៊ីត (acid reflux) អាចកើតចំពោះបុគ្គលដែលមានសុខភាពល្អធម្មតា។ ទោះបីយ៉ាងណាក៏ដោយប្រសិនបើវាកើតឡើងទៀងទាត់នោះវាត្រូវបានហៅថា ជំងឺក្រពះនិងបំពង់អាហារដែលបណ្តាលមកពីការច្រាលឡើងនូវជាតិអាស៊ីត (gastroesophageal reflux disease រឺក៏ GERD)។

5- digestive kh 2-1

សញ្ញា និងរោគសញ្ញា

នៅពេលអាស៊ីតច្រាលឡើងមកប៉ះបំពង់អាហារគឺវាបង្កអោយអារម្មណ៍មិនស្រួល។ អារម្មណ៍មិនស្រួលនេះញឹកញាប់បរិយាយជាអារម្មណ៍ដូចរលាកដែលកើតឡើងពីទ្រូង ទៅ ក (ពេលខ្លះហៅថា heartburn)។ រោគសញ្ញាកាន់តែធ្ងន់ឡើងបន្ទាប់ពីញុំាអាហារព្រោះនៅពេលនោះ មានការកើនឡើងនូវការផលិតអាស៊ីត។

ការស្វែងរកមូលហេតុ
ការច្រាលឡើងនូវជាតិអាស៊ីត (acid reflux) គឺត្រូវបានធ្វើរោគវិនិច្ឆ័យដោយផ្អែកទៅលើរោគសញ្ញានិងប្រវត្តិជំងឺ។ ទោះបីយ៉ាងណាក៏ដោយមូលហេតុដទៃទៀតដែលបង្កអោយមានការឈឺទ្រូង (ដូចជា ជំងឺសរសៃឈាមបេះដូង) គួរតែពិនិត្យរកមុនពេលធ្វើរោគវិនិច្ឆ័យការច្រាលឡើងនូវជាតិអាស៊ីត។ ការឆ្លើយតបយ៉ាងល្អទៅនឹងការព្យាបាលធម្មតាមានន័យថាការធ្វើរោគវិនិច្ឆ័យគឺត្រឹមត្រូវ។

ការព្យាបាល

ការច្រាលឡើងនូវជាតិអាស៊ីត (acid reflux) គឺត្រូវបានព្យាបាលជាមួយនិងឱសថដែលបន្ថយនូវការផលិតអាស៊ីតនៅក្នុងក្រពះដូចជា ឱសថ Cimetidine លេបតាមមាត់។ ឱសថដែលបន្សាបជាតិអាស៊ីតនៅក្នុងក្រពះ (antacids) គឺមានប្រយោជន៍ផងដែរដូចជា ឱសថ Aluminum Hydroxide ប្រើតាមមាត់។ ការផ្លាស់ប្តូរបែបបទក្នុងការរស់នៅ ក៏ត្រូវបានផ្តល់ដំបូន្មានផងដែរ​(ដូចជាប្តូរនូវប្រភេទអាហារដែលត្រូវញុំាំ)។ ប្រសិនបើការច្រាលឡើងនូវជាតិអាស៊ីត (acid reflux) មិនបានធូរស្រាលនោះឱសថដទៃទៀតអាចត្រូវប្រើបាន។ ការវះកាត់អាចនឹងទាមទារអោយអនុវត្តចំពោះជំងឺក្រពះនិងបំពង់អាហារដែលបណ្តាលមកពីការច្រាលឡើងនូវជាតិអាស៊ីតដែលធ្ងន់ធ្ងរ (gastroesophageal reflux disease រឺក៏ GERD)។

ផលវិបាក

ជំងឺក្រពះនិងបំពង់អាហារដែលបណ្តាលមកពីការច្រាសឡើងនូវជាតិអាស៊ីត(gastroesophageal reflux disease រឺក៏ GERD) អាចបង្កអោយមានផលវិបាកមួយចំនួនចំពោះបុគ្គលខ្លះដូចជា រលាកបំពង់អាហារ (esophagitis) សន្លាកបំពង់អាហារ (ធ្វើអោយបំពង់អាហាររួមតូច) រំខានទៅលើបំពង់សំលេង (ធ្វើអោយសំលេងស្អក) និងការហឺតចូលសួតនូវអាស៊ីតពីក្រពះ (pulmonary aspiration)។